ព្រះខ័នរាជស្វាយរៀង នឹងគ្មានអ្នកគាំទ្រសម្រាប់ការប្រកួតក្នុងដី សហព័ន្ធពិន័យ

Share

ក្រោយអំពើហិង្សាបានផ្ទុះឡើងនៅចុងម៉ោងនៃការប្រកួតមិត្តហ្វូនខេមបូឌានលីគ២០១៨សប្ដាហ៍ទី៨កាលពីថ្ងៃទី៣ខែមិថុនាដែលភ្ញៀវក្រសួងការពារជាតិឈ្នះព្រះខ័នរាជស្វាយរៀង ២-១ នៅថ្ងៃព្រហស្បតិ៍ទី៧ខែមិថុនានេះ គណៈកម្មការវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញពិន័យក្លិបកីឡាបាល់ទាត់ព្រះខ័នរាជស្វាយរៀងមិនឱ្យមានអ្នកចូលទស្សនាពេលធ្វើម្ចាស់ផ្ទះលើកក្រោយចំនួន១ប្រកួត ពីបទអសមត្ថភាពសន្តិសុខនិងការរៀបចំ។
 

 
ពិន័យរបស់គណៈកម្មការវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាយោងតាមមាត្រា៦៧ ចំណុច៣.៤ នៃក្រមសីលធម៌ និងក្រមវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
គណៈកម្មការវិន័យទុកពេល៥ថ្ងៃចាប់ពីថ្ងៃចេញសេចក្ដីសម្រេចនេះទៅដើម្បីឱ្យក្លិបព្រះខ័នរាជស្វាយរៀងប្ដឹងតវ៉ា។ បើពុំមានប្ដឹងឧទ្ធរណ៍ទេ សេចក្ដីសម្រេចនេះចូលជាធរមាន។
នៅថ្ងៃសៅរ៍ទី៩ខែមិថុនា ព្រះខ័នរាជស្វាយរៀងនឹងប្រកួតនៅផ្ទះ វិសាខា នៅកីឡដ្ឋានវេស្ទើនភ្នំពេញ រួចបន្តប្រកួតក្រៅផ្ទះ ដោយត្រូវធ្វើដំណើរទៅប្រកួតនៅទឹកដី អាស៊ីអឺរ៉ុបយូណាយធីត នៅថ្ងៃសៅរ៍ទី១៦ខែមិថុនា។ ការប្រកួតក្នុងផ្ទះរបស់ក្លិបព្រះខ័នរាជស្វាយរៀងដែលជាប់បម្រាមមិនឱ្យអ្នកគាំទ្រចូលទស្សនាគឺនៅថ្ងៃទី២៣ខែមិថុនា ពេលពួកគេស្វាគមន៍ក្រុម វេស្ទើនភ្នំពេញ ម៉ោង៦ល្ងាច។
 

 
សូមបញ្ជាក់ថា អំពើហិង្សាដែលបានកើតឡើងនៅកីឡដ្ឋានខេត្តស្វាយរៀងកាលពីថ្ងៃទី៣ខែមិថុនានាំទៅដល់ការពិន័យលើកីឡាករជាច្រើនរូប។ 
គណៈកម្មការវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចេញសេចក្ដីសម្រេចនៅថ្ងៃទី៧ខែមិថុនានេះថា កីឡាករ សុក សំណាង, អាំ សុវណ្ណារ៉ាត់, សារ៉េត គ្រីយ៉ា, ហួយ ផល្លីន, អោម ឧត្ដម និងគ្រូជំនួយ សួន ធួន របស់ក្លិបព្រះខ័នរាជស្វាយរៀង រងទណ្ឌកម្មមិនឱ្យចូលរួមប្រកួតពាន់រង្វាន់មិត្តហ្វូនខេមបូឌានលីគ២០១៨ យ៉ាងតិច៣ខែនិងពិន័យជាប្រាក់ម្នាក់៥០ម៉ឺនរៀល ពីបទចូលរួមក្នុងជម្លោះវាយតប់លើទីលានកាលពីថ្ងៃទី៣ខែមិថុនា។ ចំណែកប្រធានក្រុម សឿយ វិសាល រងបម្រាមយ៉ាងតិច៤ប្រកួត រួមទាំងស្វ័យប្រវត្តិ(ចំពោះកាតក្រហម) និងពិន័យជាប្រាក់៥០ម៉ឺនរៀល ពីបទវាយគូប្រកួត។ រីឯកីឡាករ នុប តុលា រងបម្រាមយ៉ាងតិច២ប្រកួត រួមទាំងស្វ័យប្រវត្តិ និងពិន័យជាប្រាក់៥០ម៉ឺនរៀលដែរ ពីបទលេងទាំងកម្រោល។
 

 
ទន្ទឹមនេះ ក្លិបក្រសួងការពារជាតិ មានកីឡាករកូរ៉េខាងត្បូង Song Chihoon រងបម្រាមមិនឱ្យចូលប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគយ៉ាងតិច២ប្រកួត , កីឡាករជប៉ុន Yudai Ogawa រងបម្រាមមិនឱ្យចូលប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគយ៉ាងតិច១ប្រកួត និងលោក ឡេង ណារិន មន្ត្រីរបស់ក្លិប ត្រូវបានហាមមិនឱ្យចូលរួមប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគយ៉ាងតិច៣ខែ និងពិន័យជាប្រាក់៥០ម៉ឺនរៀល៕
ប្រភព៖ http://cncc-football.com

Facebook Comments

Share