ពូជមនុស្សថ្មី អាចនឹងកើតមានឡើងនៅភពព្រះអង្គារ ការលើកឡើងរបស់អ្នកវិទ្យាសាស្ត្រ

Share

បរទេស៖ ការដែលបញ្ជូនមនុស្សទៅរស់នៅលើភពអង្គារ មិនមែនត្រឹមតែជារឿងប្រឌិតទៀតនោះទេ  ដោយអង្គការ NASA  និងភ្នាក់ងារអវកាសផ្សេងៗទៀតជុំវិញពិភពលោក រួមជាមួយអ្នកវិទ្យាសាស្ត្រ  និងអ្នកស្រាវជ្រាវឯករាជ្យផងដែរ កំពុងធ្វើការយ៉ាងសកម្ម ដើម្បីដឹងថាតើគេត្រូវធ្វើយ៉ាងដូចម្ដេចខ្លះ ដើម្បីបញ្ជូនមនុស្សទៅកាន់ភពអង្គារបាន។  ការដែលទៅដល់ភពអង្គារគឺជាបញ្ហាដ៏ធំមួយមែន  ក៏ប៉ុន្តែបញ្ហាផ្សេងៗជាច្រើនទៀតក៏នៅតែមានផងដែរដូចជា ការសាងសង់ទីលំនៅ បង្កើតប្រភពនៃអាហារ និងសម្របខ្លួនទៅនឹងបរិយាកាសនៃភពនោះ ក៏ប៉ុន្តែបញ្ហាធំជាងគេនោះគឺការបន្តពូជនៅលើភពនោះ។

រួបតំណាង

នៅក្នុងការស្រាវជ្រាវមួយ ដែលធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ គេបានពិនិត្យទៅលើបញ្ហាផ្សេងៗដែលគេនឹងជួបប្រទះនៅពេលគេធ្វើការបន្តពូជនៅលើភពអង្គារ។  វាគឺជារឿងដ៏គួរឲ្យប្រថុយមួយពិតមែន ក៏ប៉ុន្តែបើសិនជាគេអាចធ្វើវាបានសម្រេច គេនឹងអាចបង្កើតពូជមនុស្សថ្មីមួយបានជាមិនខាន។

អ្នកវិទ្យាសាស្ត្របានមើលទៅលើបញ្ហាប្រឈមជាច្រើន ហើយបញ្ហាធំមុនគេដែលគេបានមើលឃើញនោះគឺ ការមានផ្ទះពោះនៅលើបរិស្ថានមួយ ដែលមានទំនាញខ្សោយជាងផែនដីដល់ទៅ ៣ដង។  ដោយសារភាពអន់ខ្សោយនៃទំនាញនេះ អាចឲ្យការមានផ្ទះពោះក្លាយជារឿងដ៏ពិបាកមួយបាន។

រួបតំណាង

ការរស់នៅក្នុងបរិស្ថានដែលមានទំនាញខ្សោយជាងផែនដី ៣ដងនេះ នឹងនាំឲ្យអ្នករស់នៅលើភពអង្គារជួបបញ្ហាសុខភាពជាច្រើន។ អ្នកវិទ្យាសាស្ត្រដឹងពីរឿងនេះ ដោយសារតែគេបានត្រួតពិនិត្យពីសុខភាពរបស់អវកាសយានិកទាំងឡាយ ដែលបានប្រើពេលជាច្រើនខែនៅលើទីអវកាស។  ការដែលនៅទីអវកាសយូរដោយអវកាសយានិកទាំងនោះ បាននាំឲ្យសាច់ដុំពួកគេរួមតូច  និងឆ្អឹងពួកគេចុះទន់ខ្សោយ។ លើសពីនេះទៅទៀត អវកាសយានិកមួយចំនួនក៏បានជួបបញ្ហាចក្ខុ  និងខ្លះទៀតថែមទាំងមានការផ្លាស់ប្ដូរទៅលើរូបរាងនៃខួរក្បាលទៀតផង។

រួបតំណាង

នេះគ្រាន់តែជាបញ្ហាដែលមនុស្សវ័យជំទង់មានសុខភាពល្អជួបប៉ុណ្ណោះ។ គេនៅមិនទាន់ដឹងប្រាកដថាម្ដាយនៅលើភពអង្គារ អាចមានផ្ទៃពោះបានគ្រប់ខែ ដោយមិនជួបប្រទះនឹងបញ្ហា ឬអត់ផង។

នៅក្នុងការស្រាវជ្រាវនេះផងដែរ អ្នកវិទ្យាសាស្ត្របានលើកឡើងថា អ្នកដែលទៅរស់នៅលើភពអង្គារនឹងត្រូវបោះបង់ចោលអារម្មណ៍ស្នេហា ដើម្បីផ្ដោតទៅលើការបន្តពូជជាធំ។  ដៃគូនីមួយៗនឹងត្រូវបាន គេផ្គូផ្គងដោយមើលទៅលើរាងកាយរបស់ពួកគេជំនួសឲ្យការស្រលាញ់គ្នា។  បុគ្គលមួយចំនួននឹងត្រូវបានគេហាមឃាត់មិនឲ្យមានកូនឡើយ បើសិនជាគេមានលក្ខណៈមិនល្អ ដែលវាអាចនឹងនាំឲ្យមានបញ្ហាដល់មនុស្សនៅទីនោះបាន។

អ្នកវិទ្យាសាស្ត្រក៏បានលើកឡើងដែរថា ការកែប្រែហ្សែនរបស់កូនៗដែលកើតនៅលើភពអង្គារ នឹងអាចបង្កើនភាគរយនៃការរស់នៅបានយ៉ាងច្រើន។ ការកែប្រែហ្សែនដែលដកចេញនូវលក្ខណៈមិនល្អផ្សេងៗនៃមនុស្ស នឹងអាចជារឿងដ៏ល្អមួយពិតមែន ក៏ប៉ុន្តែពីមួយជំនាន់ទៅមួយជំនាន់ មនុស្សនៅលើភពអង្គារនឹងក្លាយទៅជាពូជមនុស្សថ្មីមួយទៀត ដែលអាចត្រឹមរស់នៅលើភពអង្គារ និងមិនអាចរស់នៅលើផែនដីបាននោះទេ៕
ប្រភព៖ khmerload

Facebook Comments

Share